របាំងមុខនៃសុភមង្គល និងឃាតកម្មដ៏សាហាវឃោរឃៅ

កាលពីឆ្នាំ ២០១៨ ពិភពលោកទាំងមូលត្រូវបានញាប់ញ័រដោយសារព័ត៌មាននៃការបាត់ខ្លួនរបស់ស្ត្រីមានផ្ទៃពោះម្នាក់ឈ្មោះ Shanann Watts និងកូនស្រីតូចៗពីរនាក់គឺ Bella (៤ ឆ្នាំ) និង Celeste (៣ ឆ្នាំ) នៅទីក្រុង Frederick រដ្ឋ Colorado។ អ្វីដែលរន្ធត់បំផុតនោះគឺ ឃាតករមិនមែនជាអ្នកដទៃឆ្ងាយឡើយ គឺលោក Chris Watts ដែលជាស្វាមី និងជាឪពុកបង្កើត។



បើមើលតាមរយៈគណនី Facebook របស់ Shanann គ្រួសារ Watts គឺជាគ្រួសារគំរូ។ Shanann តែងតែបង្ហោះវីដេអូ និងរូបភាពបង្ហាញពីក្តីស្រឡាញ់ ផ្ទះដ៏ស្អាតបាត និងស្វាមីដែលមើលទៅស្លូតបូត ចេះជួយទុក្ខធុរៈប្រពន្ធកូន។ Chris ត្រូវបានគេស្គាល់ថាជាមនុស្សស្ងប់ស្ងាត់ មិនសូវនិយាយស្ដី និងស្រឡាញ់កូនខ្លាំងណាស់។ ប៉ុន្តែ នៅពីក្រោយរូបភាពដ៏ស្រស់ស្អាតទាំងនោះ ភាពរកាំរកូសបានចាប់ផ្ដើមកើតឡើង។


នៅពាក់កណ្តាលឆ្នាំ ២០១៨ ទំនាក់ទំនងរវាង Chris និង Shanann ចាប់ផ្ដើមត្រជាក់ស្រដុម។ Shanann មានអារម្មណ៍ថាប្តីរបស់នាងហាក់ដូចជាផ្លាស់ប្តូរ មិនសូវខ្វល់ខ្វាយ និងមិនចង់នៅក្បែរនាង។ អ្វីដែលនាងមិនបានដឹងនោះគឺ Chris កំពុងមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយសហការីម្នាក់ឈ្មោះ Nichol Kessinger។ Chris ចង់ចាប់ផ្ដើមជីវិតថ្មីជាមួយស្រីកំណាន់ ហើយរូបភាពនៃ "បុរសគ្រួសារ" បានក្លាយជាបន្ទុកសម្រាប់គេ។


នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៨ Shanann បានត្រឡប់មកពីធ្វើដំណើរកម្សាន្តការងារវិញនៅពាក់កណ្ដាលអាធ្រាត្រ។ នៅព្រឹកបន្ទាប់ មិត្តភក្តិជិតស្និទ្ធរបស់នាងគឺ Nickole Atkinson បានមករកនាងនៅផ្ទះ ព្រោះ Shanann មិនបានទៅតាមការណាត់ជួបគ្រូពេទ្យ និងមិនលើកទូរស័ព្ទ។ ដោយមានការសង្ស័យ Nickole បានហៅប៉ូលីស និងទាក់ទងទៅ Chris។


នៅពេលប៉ូលីសមកដល់ Chris បានបង្ហាញខ្លួនក្នុងទឹកមុខធម្មតាៗ ហើយអនុញ្ញាតឱ្យប៉ូលីសចូលឆែកឆេរផ្ទះ។ ពួកគេរកឃើញកាបូបលុយ ទូរស័ព្ទ និងចិញ្ចៀនអាពាហ៍ពិពាហ៍របស់ Shanann នៅខាងក្នុងផ្ទះ ប៉ុន្តែមនុស្សបាត់ខ្លួនទាំងអស់។


ក្នុងអំឡុងពេលប៉ុន្មានថ្ងៃដំបូង Chris បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុក ដោយធ្វើពុតជាអង្វរករឱ្យប្រពន្ធកូនត្រឡប់មកវិញ។ ទោះជាយ៉ាងណា កាយវិការរបស់គេហាក់ដូចជាមិនមានការឈឺចាប់ពិតប្រាកដឡើយ (Body Language)។ គេញញឹមចម្លែកៗ និងមិនសូវមានទឹកភ្នែក។


ប៉ូលីសបាននាំ Chris ទៅធ្វើតេស្តដោយម៉ាស៊ីនចាប់កុហក (Polygraph Test)។ លទ្ធផលបង្ហាញថា Chris កំពុងនិយាយកុហកយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីការសួរចម្លើយយ៉ាងតឹងតែងជាច្រើនម៉ោង ទីបំផុត Chris បានសារភាព ប៉ុន្តែគេបានទម្លាក់កំហុសទៅលើ Shanann ទៅវិញ។ គេនិយាយថា Shanann ជាអ្នកសម្លាប់កូនៗ ព្រោះខឹងនឹងគេចង់សុំលែងលះ ហើយគេក៏ខឹងខ្លាំងពេកក៏ជ្រុលដៃសម្លាប់នាងទៅ។



តាមរយៈការស៊ើបអង្កេតបន្ថែម និងការសារភាពចុងក្រោយ ការពិតបានលាតត្រដាងថា៖

  • Shanann: ត្រូវបាន Chris ច្របាច់កសម្លាប់នៅលើគ្រែ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នា។
  • កូនស្រីទាំងពីរ: Chris បានដឹកសពប្រពន្ធដាក់ក្នុងឡាន រួមជាមួយកូនៗដែលនៅមានជីវិតនៅឡើយ ទៅកាន់ការដ្ឋានបូមប្រេងដែលគេធ្វើការ។ នៅទីនោះ គេបានសម្លាប់កូនស្រីទាំងពីរដោយដៃផ្ទាល់។
  • ការលាក់សព: គេបានយកសពប្រពន្ធទៅកប់ក្នុងរណ្តៅរាក់ៗ ហើយសពកូនស្រីទាំងពីរត្រូវបានគេបោះចូលទៅក្នុងធុងប្រេងដ៏ធំ ដើម្បីបំបាត់ភស្តុតាង
ទង្វើដ៏ព្រៃផ្សៃនេះបានធ្វើឱ្យ Chris Watts ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ចំនួន ៥ ដង ដោយមិនមានការលើកលែងទោស។
Previous Post Next Post